យោងតាមប្រភពវេបសាយដេលីមែលចេញផ្សាយកាលពីថ្ងៃអង្គារម្សិលមិញបានឱ្យដឹងថា កុំព្យូទ័រ
យួរដៃថ្មីមួយដែលបង្ហាញដោយក្រុមហ៊ុន HP
នឹងក្លាយជាកុំព្យូទ័រស្តើងបំផុតរបស់ពិភពលោក។ នៅកម្រាស់ ០,៤ អ៊ីញ
កុំព្យូទ័រយួរដៃឈ្មោះ Spectre 13 Ultrabook
នេះមានកម្រាស់ស្តើងជាងថ្មប្រភេទ AAA ហើយថែមទាំងស្រាល
និងស្តើងជាងកុំព្យូទ័រយួរដៃ MacBook Air របស់ Apple ទៅទៀត។
កុំព្យូទ័រនេះបានបំបែកឯតទគ្គកម្មរបស់កុំព្យូទ័រក្រុមហ៊ុនតែមួយ
ជាមួយគ្នាគឺកុំព្យូទ័រប្រភេទ Ultrabook សម្រាប់សហគ្រាសឈ្មោះថា
EliteBook Folio G1 ដែលមានកម្រាស់ ០,៤៩ អ៊ីញ។
កុំព្យូទ័រ HP Spectre ទំហំ ១៣,៣
អ៊ីញនេះផលិតឡើងក្នុងគោលបំណងប្រកួតប្រជែងជាមួយកុំព្យូទ័រយួរដៃ
បច្ចេកវិជ្ជាទំនើបដទៃទៀត ជាមួយនឹងស្លាកតម្លៃ ១.១៧០
ដុល្លារក្នុងសហរដ្ឋអាមេរិក និង ១.១៤៩ ផោន នៅចក្រភពអង់គ្លេស។
ទាក់ទងនឹងទម្ងន់ កុំព្យូទ័រប្រភេទ Notebook
នេះមិនមែនជាកុំព្យូទ័រដែលស្រាលជាងគេលើពិភពលោកនោះឡើយ
ដោយសារវាមានទម្ងន់ ១,១១ គីឡូក្រាម។
តួខ្លួនភាគច្រើនរបស់វាគឺជាអាលុយមីញ៉ូមពណ៌ប្រផេះខ្មៅក្រឹបលាយជាមួយនឹងសំរឹទ្ធនៅគែមសងខាង។
ភាពខុសគ្នាខ្លាំងពីស៊េរីមុនៗគឺត្រង់ថា
កុំព្យូទ័រថ្មីនេះបំពាក់ជាមួយនឹងប្រព័ន្ធដំណើរការ Intel Core i5 និង
i7 ជាជាងបំពាក់នូវឈីប Intel Core M
ក្នុងកុំព្យូទ័រស្តើងភាគច្រើននាពេលសព្វថ្ងៃនេះ។
ចំណុចសំខាន់របស់កុំព្យូទ័រ Spectre 13 Ultrabook៖
ប្រព័ន្ធប្រតិបត្តិការ Windows 10, អេក្រង់បង្ហាញរូបភាពក្នុងកម្រិត
១០៨០ ភិចសែល, រ៉េម ៨ ជីហ្គាបៃ, ហាដឌីស ២៥៦ ជីហ្គាបៃ
និងថ្មកាន់បាន ១០ ម៉ោង៕